ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច រៀបចំបើកសិក្ខាសាលាស្ដីពី «តួនាទីភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវ របស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងពេញលេញ»

សៀមរាប ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ណាង មុនឹន្ទ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរូមពិធីបើកសិក្ខាសាលាស្ដីពី «តួនាទីភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវ របស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងពេញលេញ»។

សិក្ខាសាលានេះ បានសហការរៀបចំដោយ ក្រសួងមហាផ្ទៃ ផ្នែកសន្ដិសុខសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពិធីបើកសិក្ខាសាលា ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្វាយ វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ និងជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ទោ តិច សុខា ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្ដិសុខសាធារណៈ បានឱ្យដឹងថា ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្នែកសន្តិសុខសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាចំនួន ០៩ វគ្គ និងមានសិក្ខាកាមចូលរួមសរុបចំនួន ១,៨១២រូប សម្រាប់ថ្ងៃនេះជាលើកទី១០ ដែលមានសិក្ខាកាមចូលរួមសរុប ១៩៥រូប ដែលជាសមាសភាពពីអង្គភាព ថ្នាក់កណ្តាល ក្រោមឱវាទក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ក្នុងសិក្ខាសាលាស្តីពី តួនាទីភារកិច្ច សិទ្ធិ អំណាច និងការទទួលខុសត្រូវរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងពេញលេញ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្វាយ វិចិត្រ បានលើកឡើងថា សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៥ គឺមានសារៈសំខាន់ខ្លាំងណាស់។ ឯកឧត្តម អគ្គនាយករង ក៏បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ការធ្វើបទបង្ហាញ របស់គ្រូឧទ្ទេស និងលើកជាសំណួរឱ្យបានផុលផុស៕

ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News

Previous post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ

Next post

កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៥