គោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបន្តវេនស្របតាមមុខតំណែង
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជម្រាបជូនទៅលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ បន្តវេនស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាល ថ្នាក់ប្រហាក់ប្រហែល ដូចខាងក្រោម៖
– អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ នាយឧត្តមសេនីយ៍
– អគ្គនាយកនៃអគ្គនាយកដ្ឋាននានានិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក
– អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក
– អគ្គនាយករងនិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ
– ប្រធានសេនាធិការដ្ឋាននិងប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ
– អនុប្រធានសេនាធិការដ្ឋាននិងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្ដិ ឧត្តមសេនីយ៍ត្រី
– ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី
– អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ឯក
– នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ទោ
– នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ត្រី
– នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ឯក
– នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ទោ។

