កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ពិនិត្យលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី (២០២៤-២០២៨)

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មាធិការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) និងកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នេះ គឺផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៦ ដូចជា៖ (១)កិច្ចសហប្រតិបត្តិការនយោបាយ (២)សមត្ថភាពផលិត និងវិនិយោគ (៣)កសិកម្ម (៤)ថាមពល និងអភិវឌ្ឍន៍បៃតង (៥)សន្តិសុខ និង (៦)ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលក្នុងនោះ មានការចូលរួមអនុវត្តដោយក្រសួង ស្ថាប័ន ចំនួន២៧។

គួររម្លឹកដែរថា៖ ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយតំណាងនៃរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្កុជា និង ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជាសហហត្ថលេខី៕ ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Previous post

ព័ត៌មានអំពីការលើកលែងទិដ្ឋការរវាងកម្ពុជា និងបណ្ដាប្រទេសនានា សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត, ផ្លូវការ, ពិសេស និងធម្មតា

Next post

ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំពិនិត្យសេចក្តីព្រាងកំណត់ហេតុ និងការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា