ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថិតនៅសាលប្រជុំធំថ្មីសាលាខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត អគ្គនាយករង អនុប្រធានក្រុមប្រឹក្សា នីតិកម្ម អគ្គស្នងការរង អគ្គលេខាធិការរង និងគណៈប្រតិភូក្រសួងមហាផ្ទៃ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព ប្រធាន ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង មេឃុំ ចៅ- សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវការអបអរសាទរ និងមានសេចក្តីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត កាន់ តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមាន ការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ណែនាំដល់ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ត្រូវបន្តខិតខំអនុវត្តនូវសិទ្ធិអំណាច តួនាទី និងភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ដើម្បីធានាបាននូវគណនេយ្យភាព ប្រសិទ្ធភាពនៃការ គ្រប់គ្រងកិច្ចការរដ្ឋបាល ការងារអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា រដ្ឋបាលខេត្ត ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជំរុញលើកទឹកចិត្តមន្ត្រីឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ជាពិសេសសមត្ថភាព ជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារឱ្យ កាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបជូនថា យោងអនុក្រឹត្យលេខ ៦០១ អនក្រ.ត.ត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប ដូចមានរាយនាមខាងក្រោម៖
១-លោក ញឹក បានខេង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលរងនៃគណៈអភិបាលខេត្ត កំពង់ធំ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់
២-លោក អ៊ុយ សុធាវី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលខេត្ត បាត់ដំបង ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់៕
ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់



















