ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយទីប្រឹក្សា និងជំនួយការ ក្រសួងមហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយទីប្រឹក្សា និងជំនួយការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធានអង្គភាព និងក្រុមការងារជំនួយការ ព្រមទាំងលោក លោកស្រី មន្ត្រីពាក់ព័ន្ធនៅតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃសរុបចំនួន ៥៥០រូប ។
ជាកិច្ចចាប់ផ្តើមពិធី លោកឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឡើងធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីស្ថានភាពទូទៅ និងសមិទ្ធផលសកម្មភាពការងាររបស់ទីប្រឹក្សា និងជំនួយការដែលសម្រេចបាននាពេលកន្លងមកជូនអង្គពិធីជ្រាប ។
ជាកិច្ចបន្តក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា និងលោក លោកស្រីជំនួយការទាំងអស់ដែលបានចូលរួមទៅលេីសកម្មភាពនានា ជួយដល់កិច្ចការងារសង្គមនាពេលកន្លងមកដោយមានឆន្ទះមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលល្អប្រសេីរ ។
បន្ថែមពីនេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានលើកឡើងអំពីសវតានៃការផ្តួចផ្តើមរៀបចំ លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងប្រកបដោយគុណធម៌របស់សម្តេចក្រឡាហោម ស ខេង និងបន្តមកដល់ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលនេះ។
ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍គាំទ្រនូវសកម្មភាពការងារនាពេលកន្លងមក និងបានស្នេីដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា និងជំនួយការ ត្រូវបន្តធ្វេីជាមូលធនមនុស្សក្នុងការជួយដល់អង្គភាពចំណុះក្រសួងមហាផ្ទៃប្រកបដោយវិជ្ជាជីវៈ ចំណេះដឹង ជំនាញ បទពិសោធន៍ជាច្រើនដែលធ្លាប់មាន និងត្រូវចូលរួមបន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលការណ៍នានារបស់ក្រសួងមហាផ្ទៃ បន្តតាមដានសភាពការណ៍សង្គម បញ្ហាព្រំដែន ជំរុញការផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ និងបន្តចុះជួយមូលដ្ឋានជួបប្រជាពលរដ្ឋ ផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមពង្រឹងសេវាសាធារណៈ និងការជំរុញអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឈានទៅសម្រេចបានតាមចក្ខុវិស័យដែលបានគ្រោងទុក។
ជាទីបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត បានជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថាវត្តមានរបស់ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា និងជំនួយការទាំងអស់បន្តសម្រេចបាននូវលទ្ធផលការងារថ្មីៗបន្ថែមទៀតជូនដល់អង្គភាព ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ អប់រំ

Previous post

កិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ

Next post

សាររំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម គ.ជ.ប.ទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ