ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចន្ទ័តារ៉ា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានធ្វើបទបង្ហាញពី គោលបំណងនៃការរៀបចំអង្គសន្និបាតនេះឡើង គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន ដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងដើម្បីស្វែងយល់ពីសមទ្ធិផល ចំណុចខ្វះខាត បញ្ហាប្រឈមនានា ដែលត្រូវការការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីសម្រេចឱ្យបាននៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងគោលដៅបម្រើជាផលប្រយោជន៍សម្រាប់សង្គមជាតិ ។

ទន្ទឹមនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត បានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា ទោះបីជាឆ្នាំ២០២៥ កន្លងទៅ អគ្គលេខាធិការដ្ឋាន នៅមានបញ្ហាប្រឈមមួយចំនួនដែលពុំទាន់បានដោះស្រាយរួចរាល់យ៉ាងណាក្តី ប៉ុន្តែអគ្គលេខាធិការដ្ឋាន ក៍សម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលទាំងនេះពុំអាចកើតឡើងបានទេ ប្រសិនបើគ្មានការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន ។ ទាំងនេះបានបង្ហាញឱ្យឃើញអំពីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់អង្គភាពទាំងមូល ។

នាឱកាស ដ៏វិសេវិសាលនេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចន្ទ័តារ៉ា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តរយៈពេលពេញមួយឆ្នាំកន្លងមករបស់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន ដែលបានបំពេញការងារក្នុងតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានសមិទ្ធិផលជោគជ័យនៅថ្ងៃនេះ ។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចន្ទ័តា ក៍បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន សូមបន្តស្មារតីសាមគ្គីភាពបន្តទៀត ដើម្បីអគ្គលេខាធិការដ្ឋានអាចសម្រេចបាននូវសមិទ្ធផលធំៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ ។

ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ចូលរួមសហការគ្នា ស្រាវជ្រាវ រកដំណោះស្រាយ ដើម្បីពន្លឿននូវលំហូរការងារគ្រប់គ្រងឯកសារតាមប្រពន្ធ័បច្ចេកវិទ្យាឌីជីថល ពីថ្នាក់ក្រសួងរហូតដល់ថ្នាក់ អគ្គនាយកដ្ឋាន របស់ក្រសួងមហាផ្ទៃ សំដៅធ្វើយ៉ាងណា ប្រមូលឱ្យបានគ្រប់រាល់ទិន្ន័យទាំងអស់ និងមានភាពងាយស្រួល ដើម្បីដាក់ឱ្យមន្រ្តីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ។

គួរបញ្ជាក់ថា ក្នុងពិធីនេះដែល ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចន្ទ័តារ៉ា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ក៏បានអញ្ចើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាកិត្តិយសប្រគល់ជូននូវ អនុក្រិត្យតែងតាំង នាយនគរបាលជាន់ខ្ពស់ ចំនួន ០២រូប ក្នុងនោះ ត្រូវបានតែតាំង ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ត្រី ខេង ប៉ូលីដា ជា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ផងដែរ ៕

Previous post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការងារដោះស្រាយបណ្តឹងអន្តរាគមន៍នានា ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

Next post

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលើកទិសដៅបន្ត