កិច្ចប្រជុំគណៈកម្មការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានគណៈកម្មការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងតំណាងអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហា ។ កិច្ចប្រជុំនេះ រៀបចំឡេីងក្នុងគោលបំណង៖

ទី១. ប្រកាសសមាសភាពតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មការ និងអនុគណៈកម្មការនានាសម្រាប់ការរៀបចំវេទិកា។

ទី២. ពិភាក្សាលើកិច្ចការចាំបាច់នានាដែលត្រូវរៀបចំអនុវត្តសម្រាប់ការត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមជម្រាបជូនថា៖ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រោងនិងរៀបចំឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ មានគោលបំណងពិគ្រោះពិភាក្សា និងរួមគ្នាវាយតម្លៃទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមជាគន្លឹះនានាពាក់ព័ន្ធនឹងកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានក្នុងការកំណត់ និងដាក់ចេញនូវគោលការណ៍តម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទាំងចំពោះមុខ និងសម្រាប់រយៈពេលវែង៕

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Previous post

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គលេខាធិការដ្ឋាន ដើម្បីអបអរសាទរខួបលើកទី១១៤ ក្នុងទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»

Next post

ទីស្តីការក្រសួងមហាផ្ទៃ៖ ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥