ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គលេខាធិការដ្ឋាន ដើម្បីអបអរសាទរខួបលើកទី១១៤ ក្នុងទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គលេខាធិការដ្ឋាន ដើម្បីអបអរសាទរខួបលើកទី១១៤ ក្នុងទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធានអង្គភាព ចំណុះអគ្គលេខាធិការដ្ឋាន លោក-លោកស្រី និងមន្ត្រីជាច្រើនរូបផងដែរ។
ឯកឧត្តម អគ្គលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ដើម្បីគូសបញ្ជាក់អំពីសារសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ហើយក៏ផ្តោតសំខាន់ លើការលើកកម្ពស់ផលជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប ។ ទន្ទឹមនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ស្រ្តី ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងតួនាទីបំពេញភារកិច្ចការងារ និងទំនួលខុសត្រូវនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់សុភមង្គល និងសុខដុមរមនារបស់គ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានណែនាំ ដល់មន្ដ្រីចំណុះអគ្គលេខាធិការដ្ឋាន ឱ្យខិតខំបន្តពង្រឹងសមត្ថភាព សាមគ្គីភាព ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងជំរុញលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ ជានារី និងមន្រ្តីស៊ីវិលជានារី បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យស្របតាមផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រឆ្នាំ ២០២៤ – ២០២៨ របស់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក៍ដូចជា បំពេញការងារស្នូលឱ្យទទួលបានភាពជោគជ័យថ្មីបន្ថែមទៀត ដើម្បីបង្កើននូវភាពអង់អាច និងទំនុកចិត្តរបស់ស្ត្រី៕