កិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង លោក ប្រធាននាយកដ្ឋាន អនុប្រធាននាយដ្ឋាន នាយការិយាល័យ និងលោក លោកស្រីដែលជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ ។
ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថាកិច្ចប្រជុំនៅពេលនេះ គឺមានគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាដេីម្បីត្រៀមលក្ខណៈ រៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ដែលគ្រោងនឹងរៀបចំនាពេលខាងមុខនេះ ដោយភ្ជាប់ជាមួយនឹងការរៀបចំកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ។
ឯកឧត្តម ប្រធានអង្គប្រជ៉ំ បានមានប្រសាសន៍បន្តថា ដើម្បីត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពី កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងទទួលបានជោគជ័យ ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារផ្ទៃក្នុងចំនួន០៤ សម្រាប់ជាជំនួយការដល់ក្រុមការងារអន្តរក្រសួង ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំលើកទី១៣នេះរួមមាន៖ ក្រុមការងារខ្លឹមសារ និងឯកសារ ក្រុមការងារពិធីការ និងព័ត៌មានវិទ្យា ក្រុមការងារហិរញ្ញវត្ថុផ្គត់ផ្គង់ និងមធ្យោបាយធ្វើដំណើរ និងក្រុមការងារការពារ និងសន្តិសុខ ។
ក្នុងនោះឯកឧត្តម រដ្ឋលេខាធិការ បានស្នេីឱ្យក្រុមការងារតាមក្រុមនីមួយៗត្រូវចូលរួមកិច្ចសហការដេីម្បីធ្វេីយ៉ាងណាឱ្យកិច្ចការងារនេះទទួលបានជោគជ័យទៅតាមអ្វីដែលបានគ្រោងទុក ។

ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ