ទីស្តីការក្រសួងមហាផ្ទៃ៖ កិច្ចប្រជុំបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន និងសញ្ញានគរបាលជាតិកម្ពុជា
នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ុក វណ្ណធី អគ្គលេខាធិការរង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្តពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាននិងសញ្ញានគរបាលជាតិកម្ពុជា ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានធនធានមនុស្ស បណ្ឌិត្យសភានគរបាលកម្ពុជា ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ សរុបប្រមាណចំនួន ៤១ រូប នៅបន្ទប់ប្រជុំខេត្តសៀមរាប នៃទីស្ដីការក្រសួងមហាផ្ទៃ ។
អនុក្រឹត្យនេះដែរមានគោលបំណង៖ កំណត់អំពីឯកសណ្ឋាននិងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា សម្រាប់បំពេញការងារ ប្រចាំថ្ងៃ ប្រតិបត្តិការ បេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា សន្និបាត ព្រះរាជពិធី បុណ្យជាតិ បុណ្យប្រពៃណីជាតិ ទទួលភ្ញៀវអន្តរជាតិ និងពិធីផ្លូវការផ្សេងៗ ដើម្បីលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត ឧត្តមភាព កិត្តិយស និងប្រសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីនគរបាលជាតិកម្ពុជា ក្នុងការរក្សាការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។